ថ្ងៃទី២៧ ខែតុលា កម្មវិធីពិសេសក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញកសិកម្មទំនើប» នៃកិច្ចពិភាក្សាយុវជនចិន–អាស៊ាន ស្ដីពី «ការកសាងផ្ទះកាន់តែប្រសើរ» ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានសហការរៀបចំឡើងដោយក្រសួងព័ត៌មានកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន ស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា ដោយប្រមូលផ្តុំនូវអ្នកជំនាញផ្នែកកសិកម្ម តំណាងសហគ្រាស និងយុវសិស្សនិស្សិតចិន និងកម្ពុជា ប្រមាណជា១៥០រូប ដើម្បីផ្លាស់ប្តូរយោបល់គ្នាអំពីកសិកម្មឆ្លាតវៃ កសិកម្មបៃតង និងកសិកម្មឌីជីថល ព្រមទាំងបញ្ចូលកម្លាំងយុវជនទៅក្នុងកិច្ចសហប្រតិបត្តិការកសិកម្មទំនើបរវាងប្រទេសទាំងពីរ។

បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្នុងការកសាង «ច្រករបៀងមច្ឆា និងអង្ករ» ការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងការផ្លាស់ប្តូរធនធានមនុស្សវ័យក្មេង កំពុងត្រូវ បានពង្រឹង និងពង្រីកឥតឈប់ឈរ។ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនឡើង កំពុងក្លាយជាកម្លាំងជំរុញការបង្កើនប្រសិទ្ធភាពកសិកម្ម ការបង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងការអភិវឌ្ឍជនបទ។ កម្មវិធីលើកនេះផ្តោតលើប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញកសិកម្មទំនើប» តាមរយៈទម្រង់ជាច្រើន ដូចជាបទបង្ហាញរបស់សហគ្រាស កិច្ចពិភាក្សាតាមប្រធានបទ ការតភ្ជាប់ជាមួយអ្នកជំនាញតាមប្រព័ន្ធអនឡាញ និងការចែករំលែករបស់យុវជន ដើម្បីបង្ហាញការអនុវត្តថ្មី បច្ចេកវិទ្យាថ្មី និងគំរូថ្មីៗនៃកិច្ចសហប្រតិបត្តិការកសិកម្មចិន–កម្ពុជា ព្រមទាំងជំរុញឱ្យយុវជន នៃប្រទេសទាំងពីរបង្កើនការយល់ដឹងពីគ្នាតាមរយៈការផ្លាស់ប្តូរ និងរីកចម្រើនរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះនឹងជួយបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ជំរុញការផ្លាស់ប្តូរចំណេះដឹង និងការកសាងភាពជាដៃគូជាក់ស្តែងបន្ថែមទៀតរវាងយុវជន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប មានប្រសិទ្ធភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា បានលើកឡើងក្នុងសុន្ទរកថាថា ប្រធានបទនៃកិច្ចពិភាក្សានាថ្ងៃនេះ ពិតជាដើរទាន់តាមសម័យកាល និងឆ្លើយតបយ៉ាងចំទិសដៅទៅនឹងនិន្នាការក្នុងតំបន់ និងពិភពលោក។


នៅក្នុងវគ្គបទបង្ហាញរបស់យុវជនចិន និងកម្ពុជាស្ដីពីកសិកម្មទំនើប តំណាងសហគ្រាសកសិកម្មក្នុងស្រុករបស់កម្ពុជា និងយុវជនតំណាងសហគ្រាសកសិកម្មចិន នៅកម្ពុជា បានផ្សារភ្ជាប់បទពិសោធន៍ផលិតកម្មផ្ទាល់ ដើម្បីចែករំលែកករណីអនុវត្តបច្ចេកវិទ្យា ដូចជាការដាំដុះឆ្លាតវៃ ការគ្រប់គ្រងលម្អិត និងការប្រតិបត្តិការបែបទំនើប ដែលបង្ហាញពីប្រសិទ្ធភាពជាក់ស្តែងរបស់បច្ចេកវិទ្យា ក្នុងការបង្កើនផលិតភាពកសិកម្ម និងជំរុញការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព។ វគ្គកិច្ចពិភាក្សាតាមប្រធានបទ ផ្តោតលើតួនាទីបច្ចេកវិទ្យាជាកម្លាំងចលករនៃកសិកម្មទំនើប និងការអភិវឌ្ឍបៃតង។

តំណាងយុវជនចិន និងកម្ពុជាចំនួន៤រូប បានពិភាក្សាលើការផ្លាស់ប្តូរឆ្ពោះទៅរក កសិកម្មបៃតង ប្រព័ន្ធស្រោចស្រពឆ្លាតវៃ និងការប្រើប្រាស់ជីឱ្យចំគោលដៅ ការការពារប្រព័ន្ធអេកូឡូស៊ីកសិកម្ម និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ ពួកគេបានចែករំលែកការអនុវត្តជាក់ស្តែងក្នុងការជួយកសិករតាមតួនាទីការងាររៀងៗខ្លួន និងស្វែងរកមាគ៌ាដែលអាចអនុវត្តបានសម្រាប់ការអភិវឌ្ឍកសិកម្មចិន–កម្ពុជាប្រកបដោយភាពបៃតង ប្រសិទ្ធភាព និងចីរភាព ដោយបានលើកឡើងនូវទស្សនៈថ្មីៗ ជាក់ស្តែង និងស៊ីជម្រៅ។ កម្មវិធីក៏បានរៀបចំវគ្គសន្ទនាជាមួយអ្នកជំនាញផងដែរ។ លោកស្រី ចូវ យ៉ាង ក្សេត្រវិទូជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិសេវាកម្មផ្សព្វផ្សាយ បច្ចេកទេសកសិកម្មចិន លោក វ៉ាង ស៊ីជៀ អ្នកជំនាញកសិកម្មនៃគម្រោងកាត់បន្ថយភាពក្រីក្ររបស់ក្វាងស៊ី និងលោកបណ្ឌិត ងួន សំណាង អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា បានចែករំលែកបច្ចេកទេសដាំដុះដំណាំ បច្ចេកទេសប្រើប្រាស់ជីតាមបែបវិទ្យាសាស្ត្រ និងបទពិសោធន៍អភិវឌ្ឍកសិកម្មបៃតងរៀងៗខ្លួន ព្រមទាំងផ្តល់អនុសាសន៍ស្ដីពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការកសិកម្មទំនើបចិន–កម្ពុជាកាន់តែស៊ីជម្រៅ និងការគាំទ្រយុវជនក្នុងការច្នៃប្រឌិត និងការចាប់ផ្តើមអាជីវកម្ម ដើម្បីផ្តល់ជាគំនិតសម្រាប់យុវជន នៃប្រទេសទាំងពីរចូលរួមក្នុងកិច្ចសហប្រតិបត្តិការកសិកម្ម។
ក្រៅពីការផ្លាស់ប្តូរផ្នែកវិជ្ជាជីវៈ កម្មវិធីក៏បានរៀបចំជាពិសេសនូវវគ្គបទពិសោធន៍នៅក្រៅសាលកម្មវិធីផងដែរ។ តាមរយៈការទស្សនាការតាំងបង្ហាញមរតកវប្បធម៌អរូបី និងការស្វែងយល់ពីវប្បធម៌ភ្លក់តែបែបប្រពៃណី ភ្ញៀវកិត្តិយសបានទទួលអារម្មណ៍ពីមន្តស្នេហ៍នៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ចិន។ សកម្មភាពទាំងនេះ បានធ្វើឱ្យការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជនកាន់តែស៊ីជម្រៅបន្ថែម ពីលើកិច្ចសន្ទនាផ្នែកបច្ចេកវិទ្យា និងជំរុញឱ្យកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការរៀនសូត្រពីអរិយធម៌គ្នាទៅវិញទៅមក លើកកម្ពស់គ្នាទៅវិញទៅមក។
ដោយយកយុវជនជាខ្សែចំណង និងបច្ចេកវិទ្យាជាស្ពានចម្លង កម្មវិធីនេះបានពង្រីកបន្ថែមនូវលំហនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាក្នុងវិស័យកសិកម្ម។ នៅដំណាក់កាលបន្ទាប់ ភាគីទាំងពីរនឹងបន្តជំរុញការចែករំលែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មទំនើប ការផ្លាស់ប្តូរធនធានមនុស្សវ័យក្មេង និងកិច្ចសហប្រតិបត្តិការសម្របសម្រួលរវាងវិស័យផលិតកម្ម ស្ថាប័នអប់រំ និងស្ថាប័នស្រាវជ្រាវ ព្រមទាំងកែលម្អវេទិកាផ្លាស់ប្តូរយុវជនឱ្យដំណើរការជាប្រចាំ ដើម្បីឱ្យយុវជនកាន់តែច្រើនចូលរួមក្នុងការអភិវឌ្ឍកសិកម្ម រួមចំណែកកម្លាំងយុវជន ក្នុងការកសាងសហគមន៍ជោគវាសនារួមចិន–កម្ពុជាគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី និងរួមគ្នាចូលរួមក្នុងការកសាងផ្ទះកាន់តែប្រសើរ៕


东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》