នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការគាំទ្រពីស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា (CCIA) បានរៀបចំសន្និសីទប្រកាសជាផ្លូវការនៃការរៀបចំកម្មវិធីនៅរាជធានីភ្នំពេញ ស្តីពី «ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៧» ដើម្បីប្រកាសជាផ្លូវការនូវផែនការមេ និងទិសដៅនៃកិច្ចសហប្រតិបត្តិការទាក់ទាញការវិនិយោគអន្តរជាតិ។ ព្រឹត្តិការណ៍នេះជាសញ្ញាបង្ហាញថា មហាព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រាប់សហគមន៍ធុរកិច្ចកម្ពុជា អាស៊ាន និងអន្តរជាតិ បានឈានចូលដល់ដំណាក់កាលនៃការត្រៀមរៀបចំ និងការទាក់ទាញអ្នកវិនិយោគយ៉ាងពេញទំហឹងហើយ។

ពិព័រណ៍នៅឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ប្រមូលផ្តុំកម្លាំងធុរកិច្ច តភ្ជាប់កាលានុវត្តភាពពាណិជ្ជកម្មក្នុងតំបន់»។ ពិព័រណ៍នេះបើកទូលាយសម្រាប់សហគមន៍ធុរកិច្ចកម្ពុជា ចិន អាស៊ាន និងអន្តរជាតិ ដើម្បីកសាងវេទិកាពាណិជ្ជកម្ម និងឧស្សាហកម្មចម្រុះកម្រិតអន្តរជាតិ ដែលរួមបញ្ចូលទាំងការតាំងបង្ហាញផលិតផល ការចរចាពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការផ្គូផ្គងការវិនិយោគ។

បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ការហូរចូលជាបន្តបន្ទាប់នៃការវិនិយោគអន្តរជាតិ និងការកែសម្រួលយ៉ាងឆាប់រហ័សនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ ដោយឈរលើទិសដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការជំរុញការធ្វើទំនើបកម្មឧស្សាហកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ពិព័រណ៍នេះនឹងពឹងផ្អែកលើបណ្តាញអង្គការឆ្លងវិស័យ និងឆ្លងសមាគមពាណិជ្ជកម្មរបស់ CCIA ដើម្បីជំរុញការតភ្ជាប់ព័ត៌មានគោលនយោបាយ តម្រូវការទីផ្សារ និងធនធានឧស្សាហកម្មឱ្យកាន់តែផ្ទាល់ និងមានប្រសិទ្ធភាពខ្ពស់ សំដៅប្រែក្លាយឱកាសវិនិយោគឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង។

ឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា (CCIA) បានមានប្រសាសន៍នៅក្នុងសន្និសីទប្រកាសជាផ្លូវការនៃការរៀបចំកម្មវិធីថា កម្លាំងនៃអង្គការធុរកិច្ច មិនមែនស្ថិតនៅត្រង់ចំនួនសហគ្រាសដែលប្រមូលផ្តុំបានប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺស្ថិតនៅត្រង់ថា តើអាចបង្កើតឱកាសសហប្រតិបត្តិការពិតប្រាកដបានប៉ុណ្ណាសម្រាប់សហគ្រាសទាំងនោះ។

ឧកញ៉ា លី ឃុនថៃបានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងឈានទៅរកដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពកាន់តែខ្ពស់ ដែលពាណិជ្ជកម្មអន្តរជាតិ ការធ្វើទំនើបកម្មឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ កំពុងបង្កប់នូវឱកាសដ៏ទូលំទូលាយ។ ការរៀបចំពិព័រណ៍នេះ មិនត្រឹមតែដើម្បីដាក់តាំងបង្ហាញផលិតផល និងជំរុញការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ឱ្យសហគ្រាសអន្តរជាតិមើលឃើញពីសក្តានុពលអភិវឌ្ឍន៍របស់កម្ពុជា និងឱ្យសហគ្រាសកម្ពុជាតភ្ជាប់ទៅកាន់ទីផ្សារកាន់តែទូលំទូលាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើផ្នែកវិនិយោគ បច្ចេកវិទ្យា ឧស្សាហកម្ម និងធនធានមនុស្ស ព្រមទាំងផ្តល់នូវកម្លាំងចលករថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឧកញ៉ា លី ឃុនថៃ បានសង្កត់ធ្ងន់ថា៖ «ពិព័រណ៍មានរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែកិច្ចសហប្រតិបត្តិការមិនត្រូវបញ្ចប់ត្រឹម ៣ ថ្ងៃនោះទេ»។ ពិព័រណ៍ឆ្នាំនេះនឹងស្វែងរកការបង្កើតយន្តការសហប្រតិបត្តិការពេញមួយវដ្ត គឺ «ការប្រមូលតម្រូវការមុនពេលពិព័រណ៍ ការផ្គូផ្គងយ៉ាងជាក់លាក់អំឡុងពេលពិព័រណ៍ និងការតាមដានជាបន្តបន្ទាប់ក្រោយពេលពិព័រណ៍» ដើម្បីជំរុញឱ្យពិព័រណ៍នេះពង្រីកខ្លួនពីព្រឹត្តិការណ៍តាំងបង្ហាញរយៈពេលខ្លី ទៅជាវេទិកាសហប្រតិបត្តិការធុរកិច្ចរយៈពេលវែង ដែលធ្វើឱ្យរាល់ការប្រាស្រ័យទាក់ទងទាំងអស់ មានឱកាសប្រែក្លាយជាគម្រោងជាក់ស្តែង និងសមិទ្ធផលពាណិជ្ជកម្មពិតប្រាកដ។

លោក ហួង ជានហៃ (Huang Jianhai) ប្រធានប្តូរវេននៃសហព័ន្ធសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មជីនហួកម្ពុជា បានថ្លែងថា ពិព័រណ៍នេះនឹងប្រើប្រាស់ឱ្យអស់ពីសក្តានុពលនៃឧត្តមភាពចាត់តាំងរបស់ CCIA និងសមាគមពាណិជ្ជកម្មជាសមាជិកទាំងអស់ ដើម្បីកៀរគរសហគ្រាសពីវិស័យផ្សេងៗ ប្រទេស និងតំបន់ផ្សេងៗឱ្យចូលរួមយ៉ាងទូលំទូលាយ ជំរុញឱ្យអ្នកតាំងពិព័រណ៍ស្វែងរកអតិថិជន អ្នកបញ្ជាទិញតភ្ជាប់ជាមួយអ្នកផ្គត់ផ្គង់ និងអ្នកវិនិយោគរកឃើញគម្រោងដែលមានគុណភាពខ្ពស់ សំដៅសម្រេចបាននូវការចែករំលែកធនធាន ការបំពេញបន្ថែមឧត្តមភាពឱ្យគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ឯកឧត្តម ហួង ជឺមីង (Huang Zhiming) អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសុន្ទរកថាថា កម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចដែលបើកចំហ មានស្ថិរភាព និងតម្លាភាព ព្រមទាំងជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។

ឯកឧត្តមបានបង្ហាញក្តីរំពឹងថា ពិព័រណ៍នេះនឹងប្រមូលផ្តុំធនធាន និងបញ្ញាញាណពីគ្រប់មជ្ឈដ្ឋាន ជំរុញឱ្យគម្រោងសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនលេចចេញជារូបរាង ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ ជំរុញពាណិជ្ជកម្ម និងលើកកម្ពស់ការធ្វើទំនើបកម្មឧស្សាហកម្មនៅកម្ពុជា។

តាមការឱ្យដឹង ពិព័រណ៍ឆ្នាំនេះនឹងផ្តោតសំខាន់លើវិស័យឧស្សាហកម្មផលិតកម្ម កសិកម្ម និងការកែច្នៃចំណីអាហារ សំណង់ និងសម្ភារៈសំណង់ ថាមពលថ្មី នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យសេវាកម្មទំនើប ដោយនឹងរៀបចំការតាំងបង្ហាញផលិតផល កិច្ចពិភាក្សាតាមប្រធានបទ ការផ្សព្វផ្សាយណែនាំសហគ្រាស និងសកម្មភាពផ្គូផ្គងធុរកិច្ច ដើម្បីបង្កើតឱកាសសហប្រតិបត្តិការពហុកម្រិតសម្រាប់សហគ្រាសតាំងពិព័រណ៍ អ្នកបញ្ជាទិញ និងអ្នកវិនិយោគ។

គណៈកម្មការរៀបចំកម្មវិធីបានបញ្ជាក់ថា ការងារត្រៀមរៀបចំពិព័រណ៍ និងការទាក់ទាញការវិនិយោគពីបរទេស បានចាប់ផ្តើមដំណើរការយ៉ាងពេញទំហឹងហើយ ព្រមទាំងសូមគោរពអញ្ជើញសហគ្រាស ស្ថាប័នវិនិយោគ និងសមាគមពាណិជ្ជកម្មមកពីប្រទេសកម្ពុជា ចិន អាស៊ាន និងបណ្តាប្រទេសនានាលើពិភពលោក ចូលរួមឱ្យបានច្រើនកុះករ។

东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》