0
0
收藏
分享

ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៧ ចាប់ផ្តើមប្រកាសទទួលការចុះឈ្មោះតាំងពិព័រណ៍ជាផ្លូវការនៅទូទាំងពិភពលោក ដើម្បីរួមគ្នាគូសវាសផែនទីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់

浏览量:49877
字号:
-
18
+

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការគាំទ្រពីទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសន្និសីទប្រកាសជាផ្លូវការនៃការរៀបចំកម្មវិធីស្តីពី «ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៧» ត្រូវបានរៀបចំឡើងជាផ្លូវការនៅរាជធានីភ្នំពេញ។

ឯកឧត្តមអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងអ្នករៀបចំកម្មវិធី រួមមាន ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា (CCIA) និងលោកប្រធាន ហួង ជៀនហៃ (Huang Jianhai) ប្រធានប្តូរវេន ដែលបានធ្វើបទបង្ហាញលម្អិតអំពីការត្រៀមរៀបចំជារួម ប្លង់ស្តង់ពិព័រណ៍ និងវឌ្ឍនភាពនៃការទាក់ទាញអ្នកចូលរួមតាំងពិព័រណ៍ពីទូទាំងពិភពលោក។

ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៧ នៅអគារពិព័រណ៍ OP5 នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយការរៀបចំតុបតែងស្តង់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៧។

ពិព័រណ៍នេះប្រារព្ធឡើងក្រោមប្រធានបទ «ប្រមូលផ្តុំកម្លាំងឧស្សាហកម្ម ចែករំលែកកាលានុវត្តភាពអាស៊ីអាគ្នេយ៍» ក្នុងគោលបំណងកសាងវេទិកាផ្លាស់ប្តូរពាណិជ្ជកម្ម និងឧស្សាហកម្មចម្រុះកម្រិតអន្តរជាតិ ដែលរួមបញ្ចូលគ្នារវាងការតាំងបង្ហាញផលិតផលឧស្សាហកម្ម ការជំរុញពាណិជ្ជកម្ម ការផ្លាស់ប្តូរការវិនិយោគ និងការផ្គូផ្គងតម្រូវការ និងការផ្គត់ផ្គង់ ព្រមទាំងប្រមូលផ្តុំក្រុមហ៊ុន សមាគមពាណិជ្ជកម្ម និងស្ថាប័នវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងស៊ីជម្រៅរវាងកម្ពុជា ជាមួយទីផ្សារអាស៊ាន និងពិភពលោក។

ស្តង់ពិព័រណ៍ចំនួន ៣៥ ត្រូវបានចុះឈ្មោះកក់រួចរាល់ ជាមួយនឹងវិស័យសំខាន់ៗទាំង ៧ ដែលគ្របដណ្តប់លើខ្សែចង្វាក់ឧស្សាហកម្មទាំងមូល

នៅក្នុងសន្និសីទសារព័ត៌មាន គណៈកម្មការរៀបចំបានប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ មានស្តង់ពិព័រណ៍ចំនួន ៣៥ ត្រូវបានចុះឈ្មោះកក់រួចរាល់ហើយ ដែលក្នុងនោះរួមមាន តំបន់ A ចំនួន ៦ ស្តង់ តំបន់ B ចំនួន ១៨ ស្តង់ តំបន់ C ចំនួន ៧ ស្តង់ និងតំបន់ D ចំនួន ៤ ស្តង់។

សមាគមពាណិជ្ជកម្មហ្វូជៀននៅកម្ពុជា សមាគមពាណិជ្ជកម្មជីនហួរនៅកម្ពុជា សហព័ន្ធពាណិជ្ជករហ៊ូណាននៅកម្ពុជា ព្រមទាំងសមាគមឧស្សាហកម្មស្បែកជើង និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បាននាំមុខគេក្នុងការចូលរួមយ៉ាងសកម្មតាមរយៈការចុះឈ្មោះកក់ស្តង់មុនគេ។

ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ការចុះឈ្មោះកក់ស្តង់មិនទាន់មានន័យថាបានបញ្ចប់ការទូទាត់ប្រាក់ និងការកំណត់ទីតាំងស្តង់ជាផ្លូវការទាំងស្រុងនោះទេ ខណៈដែលការងារទាក់ទាញការវិនិយោគពីទូទាំងពិភពលោក និងការផ្ទៀងផ្ទាត់ហិរញ្ញវត្ថុដើម្បីបញ្ជាក់ទីតាំងស្តង់ កំពុងបន្តដំណើរការយ៉ាងសកម្ម។

ចំពោះខ្លឹមសារនៃការតាំងពិព័រណ៍ ពិព័រណ៍លើកនេះបានរៀបចំឡើងយ៉ាងម៉ត់ចត់ដោយផ្អែកលើតម្រូវការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា តាមរយៈការបែងចែកជាវិស័យតាំងបង្ហាញសំខាន់ៗចំនួន ៧ រួមមាន៖ វិស័យផលិតកម្មឧស្សាហកម្ម និងគ្រឿងបង្គុំគាំទ្រ វិស័យកសិកម្ម ចំណីអាហារ និងការកែច្នៃកសិផល វិស័យសំណង់ សម្ភារៈសំណង់ និងសេវាកម្មវិស្វកម្ម វិស័យថាមពលថ្មី និងនវានុវត្តន៍បច្ចេកវិទ្យា វិស័យពាណិជ្ជកម្ម ទំនិញប្រើប្រាស់ និងម៉ាកយីហោ វិស័យហិរញ្ញវត្ថុ ភស្តុភារកម្ម និងសេវាកម្មវិជ្ជាជីវៈ និងវិស័យជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ជាមួយគ្នានេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមជាច្រើនដូចជា ពិធីបើកសម្ពោធ និងការទស្សនាស្តង់ ជំនួបផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការឧស្សាហកម្ម វេទិកាជំនាញតាមវិស័យ ការណែនាំផលិតផល និងគម្រោងថ្មីៗ ព្រមទាំងជំនួបផ្គូផ្គងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់កិត្យានុភាពវិជ្ជាជីវៈ និងប្រសិទ្ធភាពជាក់ស្តែងនៃពិព័រណ៍។

យន្តការសេវាកម្មពេញមួយវដ្ត ភ្ជាប់ទំនាក់ទំនងចាប់ពីការរៀបចំតម្រូវការមុនពិព័រណ៍ រហូតដល់ការតាមដានកិច្ចសហប្រតិបត្តិការក្រោយពិព័រណ៍

សមាគមសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា (CCIA) ពឹងផ្អែកលើបណ្តាញសមាគមពាណិជ្ជកម្មជាសមាជិក ការិយាល័យ និងតំណាងនៅក្រៅប្រទេស ដើម្បីធ្វើសមាហរណកម្មធនធានពាណិជ្ជកម្ម និងឧស្សាហកម្មឆ្លងវិស័យ និងឆ្លងតំបន់ ក្នុងការជួយដល់ក្រុមហ៊ុននានាក្នុងការស្វែងរកដៃគូសហការយ៉ាងជាក់លាក់ និងផ្គូផ្គងតម្រូវការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដូចជាការវិនិយោគ ការបញ្ជាទិញ ផលិតកម្ម ពាណិជ្ជកម្ម និងសេវាកម្មវិជ្ជាជីវៈ។

ពិព័រណ៍នេះបានបង្កើតនូវយន្តការសេវាកម្មតភ្ជាប់ពេញមួយវដ្តប្រកបដោយភាពច្នៃប្រឌិត គឺ «មុនពិព័រណ៍ អំឡុងពេលពិព័រណ៍ និងក្រោយពិព័រណ៍»៖ មុនពិព័រណ៍ គឺជួយក្រុមហ៊ុនតាំងពិព័រណ៍រៀបចំគោលដៅស្នូល ដើម្បីកំណត់ឱ្យច្បាស់ពីតម្រូវការផ្សព្វផ្សាយផលិតផល ការជ្រើសរើស តំណាងចែកចាយ ការពង្រីកការបញ្ជាទិញ ឬការស្វែងរកទុនវិនិយោគគម្រោង។ អំឡុងពេលពិព័រណ៍ គឺពឹងផ្អែកលើការតាំងបង្ហាញប្រកបដោយវិជ្ជាជីវៈ វេទិកាជំនាញ និងការផ្គូផ្គងពាណិជ្ជកម្មចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពនៃការចរចាដោយផ្ទាល់។ ចំណែកក្រោយពិព័រណ៍ គឺបង្កើតយន្តការតាមដាន និងសម្របសម្រួលជាបន្តបន្ទាប់សម្រាប់គម្រោងដែលបានឈានដល់កិច្ចព្រមព្រៀងបឋម ដើម្បីជំរុញឱ្យឱកាសអាជីវកម្មក្នុងអំឡុងពេលពិព័រណ៍ក្លាយជាគម្រោងសហប្រតិបត្តិការរយៈពេលវែងពិតប្រាកដ។

មិនថាជាក្រុមហ៊ុនផលិតកម្ម និងម៉ាកយីហោចិនដែលមានបំណងចូលមកទីផ្សារកម្ពុជា និងអាស៊ាន ឬជាសហគ្រាសក្នុងស្រុកកម្ពុជាដែលកំពុងស្វែងរកគ្រឿងចក្រទំនើប វត្ថុធាតុដើម និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានោះទេ សុទ្ធតែអាចប្រើប្រាស់ច្រកទ្វារទំនាក់ទំនងទ្វេទិសនេះដើម្បីភ្ជាប់ធនធានប្រកបដោយប្រសិទ្ធភាព។

គណៈកម្មការរៀបចំសូមស្វាគមន៍ក្រុមហ៊ុនដែលមានបំណងធ្វើការវិនិយោគឧស្សាហកម្ម រៀបចំខ្សែចង្វាក់ផ្គត់ផ្គង់ ឬបង្កើតភាពជាដៃគូអាជីវកម្មរយៈពេលវែង ក្នុងការទំនាក់ទំនងពិភាក្សាយ៉ាងស៊ីជម្រៅជាមួយសមាគមសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា។

បើកទទួលការកក់ស្តង់ចំនួន ១៨៧ និងប្រព័ន្ធឧបត្ថម្ភកម្មវិធីច្រើនកម្រិត ដោយតម្លៃពិសេសមុនកាលកំណត់ផុតត្រឹមដំណាច់ឆ្នាំនេះ

យោងតាមប្លង់អគារពិព័រណ៍ OP5 ដែលទើបបានអនុម័តចុងក្រោយ ពិព័រណ៍លើកនេះបានរៀបចំស្តង់ក្នុងអគារសរុបចំនួន ១៧០ ស្តង់ (រួមមាន តំបន់ A ចំនួន ៨២ ស្តង់ តំបន់ B ចំនួន ៦៣ ស្តង់ តំបន់ C ចំនួន ២១ ស្តង់ និងតំបន់ D សម្រាប់ម្ហូបអាហារចំនួន ៤ ស្តង់) និងស្តង់តាំងបង្ហាញខាងក្រៅអគារចំនួន ១៧ ស្តង់ សរុបទាំងអស់មានចំនួន ១៨៧ ស្តង់។

ក្នុងនោះ តម្លៃស្តង់ស្តង់ដារនៅតំបន់ A និង B មានចាប់ពី ៧០០ ដល់ ៣,០០០ ដុល្លារអាមេរិក ព្រមទាំងមានស្តង់តាំងបង្ហាញខ្នាតធំនៅខាងក្រៅអគារ ដែលអាចបំពេញតម្រូវការតាំងបង្ហាញ និងការចរចាពាណិជ្ជកម្មរបស់សហគ្រាសគ្រប់ទំហំបានយ៉ាងពេញលេញ។

សម្រាប់សហគ្រាសដែលស្វែងរកការផ្សព្វផ្សាយម៉ាកយីហោកម្រិតខ្ពស់ និងផលចំណេញពាណិជ្ជកម្មស៊ីជម្រៅ តំបន់ស្នូលកណ្តាលនៃតំបន់ C បានបង្កើតកញ្ចប់ឧបត្ថម្ភម៉ាកយីហោចំនួន ៨ កម្រិត ដូចជា អ្នកឧបត្ថម្ភផ្តាច់មុខ អ្នកឧបត្ថម្ភធំបំផុត ដៃគូយុទ្ធសាស្ត្រ ដៃគូយុទ្ធសាស្ត្រពិសេស ដៃគូពេជ្រ ដៃគូផ្លាទីន ដៃគូមាស និងដៃគូប្រាក់ ដែលភ្ជាប់មកជាមួយទីតាំងស្តង់ធំទូលាយនៅតំបន់ស្នូល និងអត្ថប្រយោជន៍ពិសេសគ្រប់ជ្រុងជ្រោយ រួមមានការឡើងធ្វើបទបង្ហាញលើឆាកធំ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ការចរចាពាណិជ្ជកម្ម VIP និងការអញ្ជើញអតិថិជនគោលដៅដោយផ្ទាល់។

សហគ្រាសដែលមានបំណងទទួលបានការផ្សព្វផ្សាយម៉ាកយីហោកាន់តែទូលំទូលាយ និងកញ្ចប់ចូលរួមតាំងពិព័រណ៍តាមតម្រូវការ សូមទំនាក់ទំនងមកកាន់គណៈកម្មការរៀបចំ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីបញ្ជីអត្ថប្រយោជន៍ និងតម្លៃសហការជាក់លាក់។

អ្នកឧបត្ថម្ភកម្រិតខ្ពស់ ក្រៅពីទទួលបានទីតាំងស្តង់ធំនៅតំបន់ស្នូល ក៏នឹងទទួលបានអត្ថប្រយោជន៍ពិសេសគ្រប់ជ្រុងជ្រោយផងដែរ ដូចជាការឡើងថ្លែងសុន្ទរកថាណែនាំលើឆាកធំ ការថ្លែងអំណរគុណក្នុងពិធីបើកសម្ពោធ ការចាក់បញ្ចាំងវីដេអូម៉ាកយីហោលើអេក្រង់ LED អត្ថបទព័ត៌មាន និងវីដេអូសម្ភាសន៍ផ្លូវការ ការចុះផ្តិតយករូបភាព និងផ្សព្វផ្សាយពីសំណាក់ KOL ល្បីៗ បន្ទប់ចរចាពាណិជ្ជកម្ម VIP និងការអញ្ជើញអ្នកបញ្ជាទិញចំគោលដៅ។ ទីតាំងស្តង់ជាក់លាក់ ការរៀបចំបរិក្ខារ តម្លៃ និងអត្ថប្រយោជន៍នានា ត្រូវផ្អែកតាមឯកសារអញ្ជើញវិនិយោគផ្លូវការ និងឧបសម្ព័ន្ធកិច្ចសន្យារបស់គណៈកម្មការរៀបចំជាគោល។

ចំពោះលក្ខខណ្ឌនៃការកក់ និងការកំណត់ទីតាំងស្តង់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ គណៈកម្មការនឹងអនុវត្តតម្លៃគោលសម្រាប់ការទទួលកក់ស្តង់ ដោយសហគ្រាសត្រូវបំពេញការចុះហត្ថលេខាលើកិច្ចសន្យាចូលរួមតាំងពិព័រណ៍ ការបង់ប្រាក់កក់ (ដែលត្រូវបានផ្ទៀងផ្ទាត់ការទទួលប្រាក់ដោយផ្នែកហិរញ្ញវត្ថុ) និងការបញ្ជាក់លេខស្តង់ពីគណៈកម្មការរៀបចំ ទើបអាចចាត់ទុកថាបានកំណត់ទីតាំងស្តង់ជាផ្លូវការ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ស្តង់ដែលមិនទាន់បានកក់រក្សាតម្លៃ នឹងត្រូវដំឡើងថ្លៃចំនួន ២០% ជាឯកភាព។

បច្ចុប្បន្ន កម្ពុជាកំពុងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ខណៈដែលការធ្វើទំនើបកម្មឧស្សាហកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានបើកចំហលំហទីផ្សារដ៏ធំទូលាយសម្រាប់សហគ្រាសទាំងក្នុង និងក្រៅប្រទេស។

សម្រាប់សហគ្រាសដែលមានផែនការឈានជើងចូលទីផ្សារកម្ពុជា និងពង្រីកវិសាលភាពទៅកាន់ទីផ្សារធំនៃអាស៊ាន ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៧ មិនត្រឹមតែជាវេទិកាដ៏មានកិត្យានុភាពសម្រាប់បង្ហាញពីសក្តានុពលម៉ាកយីហោប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់តភ្ជាប់អតិថិជនមានគុណភាព ដៃគូខ្សែចង្វាក់ផ្គត់ផ្គង់ និងធនធានមូលធនផងដែរ។

ពិព័រណ៍មានរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែកិច្ចសហប្រតិបត្តិការមិនគួរត្រូវបានកំណត់ត្រឹមរយៈពេលបីថ្ងៃនោះទេ។ គណៈកម្មការរៀបចំសូមគោរពអញ្ជើញក្រុមហ៊ុន សមាគមពាណិជ្ជកម្ម និងស្ថាប័នវិនិយោគទាំងក្នុង និងក្រៅប្រទេស ចូលរួមចុះឈ្មោះឱ្យបានច្រើនកុះករ និងជ្រើសរើសកញ្ចប់តាំងពិព័រណ៍ និងកញ្ចប់ឧបត្ថម្ភដែលសមស្របតាមផែនការអភិវឌ្ឍន៍របស់ខ្លួន។

នៅខែមីនា ឆ្នាំ២០២៧ សូមអញ្ជើញមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាពង្រីកទីផ្សារ រួមគ្នាស្វែងរកដៃគូ និងរួមគ្នាចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗនៅតំបន់អាស៊ីអាគ្នេយ៍!


编辑:Cheng Neahav

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...