0
0
收藏
分享

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

浏览量:21748
字号:
-
18
+

នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងឱកាស លោកជំទាវរដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អប្រសើរ និងទំនាក់ទំនងជិតស្និទ្ធរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា ព្រមទាំងការបន្តគាំទ្ររបស់កម្ពុជាក្នុងពេលកន្លងមក ជាពិសេសតាមរយៈការបន្តចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៤ មក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនអំពីសក្តានុពល ចំណុចពិសេសៗ និងការអភិវឌ្ឍក្នុងតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ការសហការលើវិស័យបញ្ញាសិប្បនិម្មិត និងតាមរយៈយន្តការអភិវឌ្ឍរួមគ្នាផ្សេងៗទៀត ដូចជាការអភិវឌ្ឍសួនឧស្សាហកម្មកម្ពុជា-ចិនទាំងនៅប្រទេសចិន និងនៅកម្ពុជាជាដើម។

ប្រភពរូបភាព៖ ក្រសួងពាណិជ្ជកម្មកម្ពុជា

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ី ដែលតែងតែផ្តល់នូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះនឹងសមិទ្ធផលថ្មីៗនិងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់តំបន់ស្វយ័តក្វាងស៊ី។ លោកជំទាវរដ្ឋមន្រ្តី មានជំនឿជាក់យ៉ាងមុតមាំថា ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នេះ នឹងបន្តទទួលបានជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងអាស៊ាន និយាយជារួម និងដោយឡែករវាងកម្ពុជានិងចិន។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ដោយបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការរួមគ្នាក្នុងការជំរុញទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជានិងចិនជាសមាជិក រួមបញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ កិច្ចសហការក្នុងវិស័យបញ្ញាសិប្បនិម្មិត ដែលដើរតួនាទីសំខាន់ក្នុងជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងចុងក្រោយបានបញ្ជាក់ជាថ្មីអំពីការជំរុញការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

编辑:XIU YIN

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...