នាថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសន្និបាតអន្តរជាតិឱសថបុរាណចិន ហុងកុង ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីបើកសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Leung Chun Ying, Vice-Chairman of Chinese People's Political Consultative Conference (CPPCC) និងលោក XU Zhengzhong, Chairman of Bauhinia Culture Holdings Limited។

សន្និបាតនេះ មានគោលបំណងជំរុញការអភិវឌ្ឍឱសថបុរាណចិនឱ្យកាន់តែទំនើប និងមានលក្ខណៈអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ការសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយវប្បធម៌ និងការវិនិយោគ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ចំណេះដឹងឱសថបុរាណក្នុងការថែទាំសុខភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងបទអន្តរាគមន៍ស្តីពីតួនាទី និងសក្តានុពលរបស់ឱសថបុរាណចិនក្នុងការរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ព្រមទាំងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជំរុញការអភិវឌ្ឍឱសថបុរាណប្រកបដោយសុវត្ថិភាព គុណភាព និងនិរន្តរភាព។

បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសរំលេចនូវអាទិភាពសំខាន់ៗចំនួន៥ រួមមាន៖
១) ពង្រឹងគោលនយោបាយ អភិបាលកិច្ច និងក្របខ័ណ្ឌច្បាប់សម្រាប់ការអនុវត្តឱសថបុរាណ។
២) ជំរុញការសិក្សាស្រាវជ្រាវ និងការអនុវត្ត ដើម្បីវាយតម្លៃសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពនៃការព្យាបាល ព្រមទាំងពិនិត្យហានិភ័យនៃការបំពុល ផលរំខាន និងអន្តរកម្មជាមួយឱសថសម័យទំនើប។
៣) អភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាល ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍។
៤) ពង្រឹងការផ្តល់សេវា និងការសមាហរណកម្មឱសថបុរាណចិនក្នុងមូលដ្ឋានសុខាភិបាលដែលសមស្រប។
៥) ធានាភាពងាយស្រួលក្នុងការទទួលបានសេវា តម្លៃសមរម្យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

សន្និបាតនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង និងស្ថាប័នរដ្ឋមកពី១១ប្រទេស រួមមាន៖ កម្ពុជា ឡាវ សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ប្រេស៊ីល កាណាដា អូស្ត្រាលី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន និងបេឡារុស ព្រមទាំងអ្នកសិក្សា និងអ្នកជំនាញល្បីៗ សាស្ត្រាចារ្យជាន់ខ្ពស់ អ្នកតំណាងក្រុមហ៊ុន និងភ្ញៀវកិត្តិយសមកពីវិស័យផ្សេងៗ សរុបប្រមាណ៥០០នាក់។

ប្រភពរូបភាព៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》