ថ្ងៃនេះខ្ញុំមានក្តីសោមនុស្ស ដោយបានមកចូលរួមក្នុងវគ្គចែករំលែកពីការអានសៀវភៅស្តីពី " ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន " នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន នាព្រឹកនេះ។ តាងនាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសប្បាយរីករាយ ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន និង សូមអបអរសាទរចំពោះគំនិតផ្តួចផ្តើមរៀបចំវគ្គ ចែករំលែកពីការអានសៀវភៅ ដែលជាផ្នែកមួយជួយពង្រឹងគោលនយោបាយអំណានរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គចែករំលែកពីការអានសៀវភៅ ស្តីពី " ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន " ស្របតាមអនុក្រឹត្យលេខ ១២០ អនក្រ.បក ស្តីពីទិវាជាតិអំណាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកថ្ងៃទី១១ ខែមីនា ជាថ្ងៃទិវាជាតិអំណាន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌ អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។ គិតចាប់ពីឆ្នាំ២០១៦ ត្រឹមឆ្នាំ២០២៥នេះ យើងអនុវត្តបាន ១០លើក ក្នុងនោះ
-ទិវាជាតិអំណានលើកទី១ “ បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន ”
-ទិវាជាតិអំណានលើកទី២ “ អានដើម្បីភាពសុខដុមនៃជីវិត ”
-ទិវាជាតិអំណានលើកទី៣ “ អំណានជាកំណប់វិជ្ជាមហាសាល ”
-ទិវាជាតិអំណានលើកទី៤ “ ការអានបណ្ដុះវប្បធម៌ការសិក្សាពេញមួយជីវិត ”
-ទិវាជាតិអំណានលើកទី៥ “ ការអានបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍ ”
-ទិវាជាតិអំណានលើកទី៦ “ អំណានក្នុងបរិបទកូវីដ-១៩ “
-ទិវាជាតិអំណានលើកទី៧ “ អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល ”
-ទិវាជាតិអំណានលើកទី៨ “ អំណានជាមាគ៌ាឆ្ពោះទៅ បរិវត្តកម្មវិស័យអប់រំ ”
-ទិវាជាតិអំណានលើកទី៩ “ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត ”
-ទិវាជាតិអំណានលើកទី១០ “ ការអានសៀវភៅភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម ”
ខ្ញុំមានជំនឿជាក់ថា វគ្គចែករំលែកពីការអានសៀវភៅ នឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការអភិវឌ្ឍអប់រំដល់ជនគ្រប់យុវវ័យ និងជាការចូលរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វគ្គចែករំលែកពីការអានសៀវភៅស្តីពី " ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន " ក៏ជាផ្នែកមួយឆ្លើយតបទៅនឹងតម្រូវការរបស់សេដ្ឋកិច្ចកម្ពុជា ក្នុងការធ្វើពិពិធកម្ម និងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៅត្រង់មុំទី១ នៃបញ្ចកោណទី១ ៖ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យសាស្រ្ត និងបច្ចេកវិទ្យា និង បញ្ចកោណទី៥ ៖ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ជាពិសេសការកសាងមូលធនមនុស្ស ដែលមានជំនាញឌីជីថល តាមរយៈការធ្វើទំនើបកម្ម និងការធ្វើសុវុឌ្ឍិកម្មកម្មវិធីសិក្សា និងកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថល និងការលើកកម្ពស់អក្ខរកម្មឌីជីថល។
ថ្ងៃនេះ ពួកយើងបានរួមគ្នានៅកន្លែងនេះ រួមគ្នាអាន និងចែករំលែកការយល់ឃើញអំពីបទពិសោធន៍ប្រាជ្ញា និងប្រាជ្ញាអនុវត្តន៍ នៃសៀវភៅស្តីពី " ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន " បានរំលឹកបន្ថែមអំពីសកម្មភាព និងទំនាក់ទំនងដ៏ស្អិតរមួតរ វាងកម្ពុជា-ចិន លើដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ នាពេលកន្លងទៅរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសទាំងពីរ បានប្រកាសជាផ្លូវការ ពីការឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ដើម្បីលើកកម្ពស់ភាពរឹងមាំ នៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
ខ្ញុំសូមកោតសរសើរចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ស៊ី ជីនពីង ជាថ្នាក់ដឹកនាំដ៏អស្ចារ្យម្នាក់ នៃសាធារណរដ្ឋប្រជាមានិតចិន។ សៀវភៅ " ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន " មានគោលគំនិតសំខាន់ៗជាច្រើន ស្របនឹងការអនុវត្តក្នុងការលើកកម្ពស់សមភាពអប់រំ និងពង្រឹងការអភិវឌ្ឍយុវជន នៃប្រទេសកម្ពុជាយើង ក្នុងនោះ “ ការតាំងចិត្តធ្វើជាគំរូដោយគុណធម៌ ” គឺស្របជាមួយនឹងគោលដៅរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាលមនុស្សដែលមានស្មារតីជាតិ និងទស្សនវិស័យអន្តរជាតិ ព្រមទាំងទស្សនៈអំពី “ ការអភិវឌ្ឍអប់រំ ដោយផ្តោតលើប្រជាជន ” ដែលមានភាពបន្ស៊ីគ្នាយ៉ាងល្អជាមួយនឹងវិធានរបស់ប្រទេសកម្ពុជា ក្នុងការលើកតម្កើងវិស័យអប់រំ និងកាត់បន្ថយគម្លាតនៃចំណេះដឹង។ ទស្សនៈសំខាន់មួយទៀត នៃសៀវភៅស្តីពី " ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន " គឺមនុស្សជាធនធាន និងជាថាមពល នៃការច្នៃប្រឌិតដ៏សំខាន់» ស្របគ្នាទាំងស្រុងទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតឱកាសនេះ ខ្ញុំសូមបញ្ជាក់ពីសមិទ្ធផលក្នុងឆ្នាំកន្លងមក ក្រោម “ កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ” រវាងកម្ពុជា-ចិន លើវិស័យអប់រំ និងកីឡា បានទទួលផលផ្លែផ្កាយ៉ាងល្អ និងជាទីមោទនៈ។ ក្នុងវិស័យអប់រំ ជំនួយបន្ទប់រៀនឌីជីថល របស់សាធារណរដ្ឋប្រជាមានិតចិន បានពន្លឿនការវិវត្ត នៃសាលារៀននៅប្រទេសកម្ពុជា ក្នុងបរិបទឌីជីថល នៃពិភពលោក។ គម្រោង “ ភាសាចិន-វិជ្ជាជីវៈ ” បានគ្របដណ្តប់សាលារៀនរបស់រដ្ឋលើសពី ២០សាលា ដែលធ្វើឱ្យសិស្សានុសិស្ស ចំនួនជាង ១០.០០០នាក់ ទទួលបានចំណេះដឹងពីភាសាជំនាញ និងពង្រីកឱកាសការងាររបស់សិស្ស និស្សិតនាពេលអនាគត។ ក្រៅពីនេះ អាហារូបករណ៍របស់រដ្ឋាភិបាលចិន លើកម្មវិធីគ្រូបង្រៀនភាសាចិន និងអ្នកស្ម័គ្រចិត្ត បានបណ្តុះបណ្តាលមនុស្សជំនាញចម្រុះជាច្រើន រួមទាំងការរៀបចំសៀវភៅសិក្សា និងការស្ថាបនាមជ្ឈមណ្ឌលទិន្នន័យអប់រំ បានផ្ដល់នូវកម្លាំងជំនួយដ៏សំខាន់ សម្រាប់ការផ្លាស់ប្ដូរទិសដៅឌីជីថល ក្នុងវិស័យ អប់រំរបស់ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរលើវិស័យកីឡា ក៏កាន់តែទូលំទូលាយ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ចំណុចសំខាន់បំផុតគឺ ក្នុងឆ្នាំ២០២៣ កម្ពុជាបានទទួលបានមេដាយមាស ចំនួន ៨១ ក្នុងការប្រកួតកីឡាស៊ីហ្គេម និងបានចំណាត់ថ្នាក់លេខ៤ លើតារាងមេដាយ ដែលជាកំណត់ត្រាល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ លទ្ធផលដ៏អស្ចារ្យទាំងនេះ គឺកើតចេញពីការណែនាំ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះវិជ្ជាជីវៈរបស់គ្រូបង្វឹកចិន រួមនឹងការខិតខំព្យាយាមរបស់កីឡាករកម្ពុជា ដែលមិនអាចកាត់ថ្លៃបានឡើយ។
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន បានសរសេរលើក្រាំងថ្ម ក្នុងសាកលវិទ្យាល័យមីញជាំង ក្រុងហ្វូចូវ ខេត្តហ្វូជាំង “ មិនទាមទារឱ្យយើងទាំងអស់គ្នា ធ្វើអ្វីដែលធំ និង លើសពីសម្ថភាពពេកនោះទេ ប៉ុន្តែពេលដែលត្រូវធ្វើអ្វីមួយ គឺត្រូវប្រកបដោយគុណភាព និងឱ្យល្អបំផុត ស្របទៅនឹងតម្រូវការរបស់សង្គម ហើយនឹងមានផលប្រយោជន៍ដល់សង្គម ”។
ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺរឹងមាំដូចដែកថែប ហើយការអប់រំ គឺជាគន្លឹះនៃការបន្តអរិយធម៌ពីមួយជំនាន់ទៅមួយជំនាន់ និងជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។ ខ្ញុំសូមយកចំណុចដៅ នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា ជាចំណុចចាប់ផ្តើមមួយ ក្នុងការលើកតម្កើងវិស័យអប់រំឱ្យកាន់តែស៊ីជម្រៅ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើឱ្យ “ មិត្តភាពដែកថែប ” ចាក់ឫសដុះលូតលាស់ក្នុងប្រជាជនជំនាន់ក្រោយៗ ហើយរួមចំណែកក្នុងការបង្កើតសហគមន៍ជោគវាសនាកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាល។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យជានិច្ចនិរន្តរ៍ !
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្ស និស្សិត និងអង្គពិធីទាំងមូល សូមទទួលបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអគុណ !

东盟头条APP移动端
comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"