0
0
save
share

សុន្ទរកថា ឯកឧត្តម ឯក ប៊ុនថា តំណាងឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងការចែករំលែកអានសៀវភៅ " ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន " រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥

pageviews:19430
font size:
-
18
+

ថ្ងៃនេះ ក្នុងនាមតំណាងឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានកិត្តិយស និងក្តីរំភើបយ៉ាងខ្លាំង ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកសៀវភៅ “អភិបាលកិច្ចប្រទេសចិន”របស់លោកស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងពេលនេះ ក្នុងសាលប្រជុំនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ខ្ញុំបានឃើញវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្សានុសិស្សនៃប្រទេសកម្ពុជា-ចិន ធ្វើឱ្យខ្ញុំមាន ភាពកក់ក្តៅនៃមិត្តភាពរបស់ប្រទេសទាំង២។ វប្បធម៌ជាស្ពានដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់ដួងចិត្តពីប្រជាជាតិមួយ ទៅប្រជាជាតិមួយទៀត ហើយសៀវភៅ «អភិបាលកិច្ចប្រទេសចិន» ដែលប្រមូលផ្តុំទៅដោយបញ្ញាញាណរបស់ប្រទេសចិននេះ គឺជាស្ពានដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាស្វែងយល់កាន់តែច្បាស់អំពីប្រទេសចិន និងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃមិត្តភាពកម្ពុជា-ចិន។

ការផ្លាស់ប្តូរ និងការរៀនសូត្រពីវប្បធម៌គ្នាទៅវិញទៅមក គឺជាព្រលឹងនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រទេសកម្ពុជា និងចិន គឺជាអ្នកជិតខាងដែលមិនអាចផ្លាស់ប្តូរបាន និងជាមិត្តដែលមិនអាចបំបែកបាន ដែលមានទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅតាំងពីសម័យបុរាណមកម្ល៉េះ។ ចាប់តាំងពីការធ្វើពាណិជ្ជកម្ម និងការលាយបញ្ចូលគ្នានៃអរិយធម៌តាមរយៈផ្លូវសូត្របុរាណ រហូតដល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការទាមទារឯករាជ្យជាតិ និងការអភិវឌ្ឍប្រទេសក្នុងសម័យទំនើប វប្បធម៌តែងតែជាចំណងមនោសញ្ចេតនាដ៏សំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងសៀវភៅ «ស៊ី ជីនពីង៖ អភិបាលកិច្ចប្រទេសចិន» មានការលើកឡើងដ៏សំខាន់មួយថា “អរិយធម៌មានភាពស្រស់បំព្រងដោយសារការផ្លាស់ប្តូរ ហើយអរិយធម៌មានភាពសម្បូរបែបដោយសារការរៀនសូត្រពីគ្នាទៅវិញទៅមក” ដែលចំណុចនេះបានផ្តល់នូវការណែនាំផ្នែកគំនិតយ៉ាងជ្រាលជ្រៅសម្រាប់យើងក្នុងការស្វែងយល់ពីអត្ថន័យនៃកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ចិន។

នៅក្នុងដំណើរការនៃការសិក្សាសៀវភៅ «ស៊ី ជីនពីង៖ អភិបាលកិច្ចប្រទេសចិន» ខ្ញុំចាប់អារម្មណ៍ជាពិសេសទៅលើខ្លឹមសារស្តីពីការការពារ និងការថែរក្សារបេតិកភណ្ឌវប្បធម៌។ ការអនុវត្តរបស់ប្រទេសចិនក្នុងការផ្តល់តម្លៃ និងការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន បានផ្តល់ជាគំនិត និងការបំផុសគំនិតជាច្រើនដល់ប្រទេសកម្ពុជា។ កម្ពុជាមានសម្បត្តិវប្បធម៌ពិភពលោកដ៏មានតម្លៃដូចជា ប្រាសាទអង្គរវត្ត ចំណែកឯប្រទេសចិនវិញ ក៏មានបទពិសោធន៍យ៉ាងសម្បូរបែបក្នុងការការពារ ជួសជុល និងការធ្វើអោយមានភាពរស់រវើកឡើងវិញនូវបេតិកភណ្ឌវប្បធម៌ ដូចជា រូងភ្នំម៉ូកាវ នៅតំបន់ទុនហ័ង (Dunhuang Mogao Caves) និងទីក្រុងបុរាណលាំងជូ (Archaeological Ruins of Liangzhu) ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមក្របខ័ណ្ឌនៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបេតិកភណ្ឌវប្បធម៌កាន់តែមានភាពស៊ីជម្រៅ ដោយក្នុងនោះ ក្រុមអ្នកជំនាញចិនបានជួយជួសជុល និងការពារផ្នែកខ្លះនៃរមណីយដ្ឋានអង្គរ ព្រមទាំងចែករំលែកបច្ចេកទេសទំនើបៗ និងគំនិតជួសជុលវត្ថុបុរាណអោយបានប្រសើរឡើងវិញ ។ វេទិកាការពារបេតិកភណ្ឌវប្បធម៌ដែលរៀបចំរួមគ្នាដោយកម្ពុជា និងចិន បានអនុញ្ញាតឱ្យអ្នកជំនាញនៃប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅ និងស្វែងរកការអភិវឌ្ឍរួមគ្នា។ ការអនុវត្តនៃកិច្ចសហប្រតិបត្តិការទាំងនេះ គឺជាសកម្មភាពជាក់ស្តែងស្របតាមទស្សនៈ “ការគោរពភាពសម្បូរបែបនៃអរិយធម៌ពិភពលោក” ក្នុងសៀវភៅ «ស៊ី ជីនពីង៖ អភិបាលកិច្ចប្រទេសចិន» និងអនុញ្ញាតឱ្យយើងមើលឃើញនូវរូបភាពដ៏ស្រស់បំព្រងនៃការគោរពគ្នាទៅវិញទៅមក និងការកាន់ដៃគ្នាឆ្ពោះទៅមុខកាន់តែល្អប្រសើរ។

បន្ថែមពីលើការការពារបេតិកភណ្ឌវប្បធម៌ ប្រទេសចិន និងកម្ពុជា ក៏សម្រេចបានលទ្ធផលផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការសម្តែងសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌យុវជនផងដែរ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ដូចជា «ឆ្នាំផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា» និង «ពិធីផ្លាស់ប្តូរយុវជនចិន-កម្ពុជា» បានអនុញ្ញាតឱ្យសិល្បករមកពីប្រទេសទាំងពីរបានសម្តែង និងអនុញ្ញាតឱ្យយុវជនមកពីប្រទេសទាំងពីរផ្លាស់ប្តូរផ្នត់គំនិតគ្នាទៅវិញទៅមក។របាំប្រពៃណីកម្ពុជា "របាំក្ងោក" ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងប្រទេសចិន ហើយល្ខោនអូប៉េរ៉ាប៉េកាំង និងសិល្បៈសរសេរអក្សរផ្ចង់របស់ចិនក៏ទទួលបានអ្នកចូលចិត្តជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ការផ្លាស់ប្តូរទាំងនេះមិនត្រឹមតែបានពង្រឹងខាងវប្បធម៌របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជ្រួតជ្រាបយ៉ាងជ្រៅនូវគោលគំនិតនៃ "ប្រទេសចិន និងកម្ពុជាគឺជាគ្រួសារតែមួយ"។ទាំងអស់នេះស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងគោលគំនិតនៃអរិយធម៌ - វប្បធម៌នីមួយៗសុទ្ធតែ មានតម្លៃរៀងខ្លួន វប្បធម៌ទាំងអស់គួរតែរួមរស់ជាមួយគ្នាដោយសុខដុមរមនា - ដូចដែលអត្ថន័យនៅក្នុងសៀវភៅ «ស៊ី ជីនពីង៖ អភិបាលកិច្ចប្រទេសចិន» ប្រទេសចិនតែងតែគោរពចំពោះវប្បធម៌នៃប្រទេសដទៃ ហើយមិនដែលដាក់គំរូវប្បធម៌របស់ខ្លួនលើវប្បធម៌ដទៃទៀតឡើយ។ ផ្ទុយទៅវិញ ប្រទេសចិនលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ផ្សេងៗគ្នា ។ គោលគំនិតនេះផ្តល់នូវមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសចិន និងកម្ពុជា។

នៅក្នុងបរិបទបច្ចុប្បន្ននៃសាកលភាវូបនីយកម្មដែលកំពុងប្រឈមមុខនឹងភាពតានតឹង ហើយស្ថានភាពក្នុងតំបន់មានភាពស្មុគស្មាញ និងមិនស្ថិតស្ថេរ សារៈសំខាន់នៃការផ្លាស់ប្ដូរវប្បធម៌កំពុងកាន់តែលេចធ្លោឡើង។ វាអាចបំបែកការយល់ច្រឡំការរើសអើង បង្កើនទំនុកចិត្ត និងការទទួលស្គាល់គ្នាទៅវិញទៅមក និងចាក់គ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសនានា។តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ជាបន្តបន្ទាប់ ប្រទេសចិន និងកម្ពុជាមិនត្រឹមតែអាចបង្កើនឥទ្ធិពលវប្បធម៌រៀងៗខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតកម្លាំងស្មារតីដ៏មានឥទ្ធិពលមួយសម្រាប់ការកសាងសហគមន៍ជោគវាសនារួមគ្នាផងដែរ។ ក្នុងនាមតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ខ្ញុំយល់យ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់ខ្ញុំ គឺការពារវប្បធម៌របស់កម្ពុជា ហើយក៏ត្រូវលើកកម្ពស់យ៉ាងសកម្មនូវការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសជា មិត្តដូចជាប្រទេសចិន ដើម្បីពង្រឹងចំណងវប្បធម៌កាន់តែរឹងមាំ។

នៅថ្ងៃខាងមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងនៅតែបន្តផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការវប្បធម៌ចិន-កម្ពុជា។ យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនង និងកិច្ចសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ចិន ដើម្បីពង្រីកវិសាលភាពនៃការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ យើងនឹងបន្តអញ្ជើញក្រុមសិល្បៈចិនមកសម្តែងនៅកម្ពុជា ខណៈពេលដែល សិល្បករកម្ពុជាក៏នឹងទៅទស្សនកិច្ចប្រទេសចិន ដើម្បីផ្លាស់ប្តូរ និងសិក្សាវប្បធម៌ សិល្បៈរវាងប្រទេសទាំងពីរ។ ម៉្យាងវិញទៀត យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងអប់រំ ដោយជំរុញដល់និស្សិតកម្ពុជាកាន់តែច្រើនឱ្យសិក្សាជំនាញទាក់ទងនឹងវប្បធម៌ចិន បណ្តុះបណ្តាលអ្នកមានទេពកោសល្យដែលមានសមត្ថភាពវិជ្ជាជីវៈ និងចំណេះដឹងវប្បធម៌ ដើម្បី ផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាជាបន្តបន្ទាប់។លើសពីនេះ យើងនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ការចែករំលែក និងផ្សព្វផ្សាយធនធានវប្បធម៌រវាងប្រទេសចិន និងប្រទេសកម្ពុជា ដែលអាចឱ្យមនុស្សកាន់តែច្រើនយល់បានយ៉ាងងាយស្រួលអំពីវប្បធម៌ររវាងគ្នាទៅវិញទៅមក។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខ្លឹមសារដែលមាននៅក្នុងសៀវភៅ “អភិបាលកិច្ចប្រទេសចិន” របស់លោក ស៊ី ជីនពីង មិនត្រឹមតែអាចនាំប្រទេសចិនឱ្យសម្រេចបាននូវការអភិវឌ្ឍកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការយល់ដឹងសំខាន់ៗសម្រាប់ការបន្តពង្រឹងទំនាក់ទំនងចិន-កម្ពុជាផងដែរ។ ការផ្លាស់ប្តូរវប្បធម៌គឺជាកិច្ចការរយៈពេលវែង និងទូលំទូលាយ ដែលទាមទារឱ្យមានការអត់ធ្មត់ ស្មោះត្រង់ និងការតស៊ូ ។វគ្គចែករំលែកសៀវភៅថ្ងៃនេះមិនត្រឹមតែជាការផ្លាស់ប្តូរគំនិតប៉ុណ្ណោះទេ ថែមទាំងជាការពង្រឹងមិត្តភាពទៀតផង។
សូមយកវេទិកានេះជាឱកាសមួយដើម្បីពង្រឹងបន្ថែមទៀត ដើម្បីឱ្យវប្បធម៌ចិន និងកម្ពុជាកាន់តែត្រចះត្រចង់ ក្នុងការកសាងសហគមន៍រួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី!

ជាចុងក្រោយ ខ្ញុំសូមជូនពរឱ្យមិត្តភាពរវាងចិន និងកម្ពុជាស្ថិតស្ថេរជារៀងរហូត ហើយខ្ញុំសូមជូនពរឱ្យវេទិកាចែករំលែកសៀវភៅនេះទទួលបានជោគជ័យ! សូមអរគុណ



editor万强

comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"

avatar
commit