នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុង ពិធីអបអរសាទរ ទិវាភាសាចិនអន្តរជាតិ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា គ្រូបង្រៀនភាសាចិន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សិស្ស-និស្សិតកម្ពុជាជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្ដីរីករាយ និងកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលមានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង និងកំពុងឈានទៅមុខយ៉ាងរឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឆ្ពោះទៅរកការកសាងអនាគតរួមគ្នាមួយដ៏ត្រចះត្រចង់។ ភាសាចិន គឺជាស្ពានសម្រាប់ទំនាក់ទំនង និងជាចំណងវប្បធម៌នៃមិត្តភាពដែលអនុញ្ញាតឱ្យអ្នកសិក្សាអាចស្វែងយល់ពីអរិយធម៌ចិន ក៏ដូចជាបើកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនឱ្យកាន់តែស៊ីជម្រៅ។
ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពនៃមិត្តភាពរវាងចិននិងកម្ពុជា ដែលបានដាក់បញ្ចូលភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិរបស់កម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តបន្តបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជាក្នុងការរៀនសូត្រ ដើម្បីបន្តរក្សាមិត្តភាពនេះឱ្យកាន់តែរីកសុសសាយតរៀងទៅ។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ ទិវាភាសាចិនអន្តរជាតិ ឆ្នាំ២០២៦ និងបានលើកឡើងពីសារៈសំខាន់នៃភាសាចិនដែលជាស្ពានយុទ្ធសាស្ត្រក្នុងការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងបានលើកឡើងពីវឌ្ឍនភាពនៃការអប់រំភាសាចិនដែលបានរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី២១។ ចំណេះដឹងផ្នែកភាសានេះមិនត្រឹមតែជួយដល់ការអភិវឌ្ឍបុគ្គលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងការក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ព្រមទាំងបន្តថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍ នៅកម្ពុជានាពេលកន្លងមក និងសូមថ្លែងអំណរគុណចំពោះដៃគូអប់រំ បុគ្គលិកអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់ការអប់រំ និងជាពិសេសការអប់រំភាសាចិននៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ចាប់យកឱកាសនេះដើម្បីសិក្សារៀនសូត្រ ផ្លាស់ប្ដូរបទពិសោធ ដើម្បីអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។
សូមជម្រាបថា ទិវាភាសាចិនអន្តរជាតិ គឺជាកម្មវិធីដែលគាំទ្រដោយស្ថានទូតចិនប្រចាំកម្ពុជានិងមជ្ឈមណ្ឌលសហប្រតិបត្តិការ ផ្លាស់ប្ដូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន គឺជាវេទិកាដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការសិក្សាភាសាចិន លើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងពន្លាតការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន៕




ប្រភពរូបភាព៖ ទីភ្នាក់ងារព័ត៌មាន Aseantop

东盟头条APP移动端
comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"