នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប។

ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកែប ក្នុងភាពស្និទ្ធស្នាល និងប្រកបដោយមិត្តភាព ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការជំរុញការអភិវឌ្ឍលើវិស័យនានា រវាងភាគីទាំងពីរ។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានផ្តោតការពិភាក្សាលើបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តកែប ព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនពីន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលខេត្តកែប និងបានសម្តែងការគាំទ្រចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍរវាងកម្ពុជា–ចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕

ប្រភពរូបភាព៖ មន្ទីរព័ត៌មានខេត្តកែប

东盟头条APP移动端
comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"