នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ភាពជាដៃគូនៅតែជាកត្តាស្នូលសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយភាពរីកចម្រើននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ មិនអាចកាត់ផ្តាច់បានឡើយពីតួនាទី កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសចិន នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានធ្វើឡើងក្នុងសុន្ទរកថាបើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ដំណាក់កាលថ្មីនៃភាពជាដៃគូកម្ពុជា-ចិន ក្រោមក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» នឹងកាន់តែរឹងមាំ និងសកម្មបន្ថែមទៀត ដោយនាំមកនូវលទ្ធផលផ្លែផ្កា និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រទាមទារនូវបរិស្ថាននៃកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ ហើយក៏គ្មានប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែម្នាក់ឯងដែរ។ ទន្ទឹមនេះ ប្រទេសកំពុងអភិវឌ្ឍត្រូវការស្ថិរភាពទីផ្សារ, ការវិនិយោគ, បច្ចេកវិទ្យា, ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ និងកាលានុវត្តភាពប្រកបដោយសមធម៌ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលេចថា ពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មប្រកបដោយសមធម៌និងបរិយាបន្ន ព្រមទាំងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព នៅតែជាកត្តាចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ក៏ប៉ុន្តែ កិច្ចការទាំងនេះទាមទារនូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលមានភាពរឹងមាំ។
ឯកឧត្តម បានបន្តថា កម្ពុជាបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចអភិវឌ្ឍន៍អន្តរជាតិ ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និង «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងទៀត៕
ប្រភពរូបភាព៖ ក្រសួងព័ត៌មានកម្ពុជា

东盟头条APP移动端
comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"