0
0
收藏
分享

«កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦»

浏览量:61500
字号:
-
18
+

នៅព្រឹក​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម​ វ៉ាង វិនពីន​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា​​ បានចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​ស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោម​មូលនិធិពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​​មេគង្គ-ឡានឆាង​ ឆ្នាំ​២០២៦ ដែលមាន​ទឹកប្រាក់​ប្រមាណ​ ១.៩៨០.០០០ ដុល្លារអាម៉េរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខា នាពេលនេះ គឺ ជាដំណាក់កាលដ៏សំខាន់ ខណៈដែលកម្ពុជា និងចិន អបអរសាទរខួបលើកទី១០ នៃការបង្កើតយន្តការ មេគង្គ-ឡានឆាង នេះ។ មូលនិធិពិសេសនេះ ដើរតួនាទីស្នូលគាំទ្រគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ សម្រាប់ប្រទេស ជាសមាជិកទាំងអស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា តាមរយៈការអនុវត្ត កន្លងមក មូលនិធិនេះបាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងយូរអង្វែង ក្នុងវិស័យជាច្រើន រួមមាន អប់រំ, សុខភាព, កាត់បន្ថយភាពក្រីក្រ, គ្រប់គ្រងទឹក, លើកកម្ពស់ស្ត្រី, បរិស្ថាន, ទេសចរណ៍, វប្បធម៌ និង ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន សមិទ្ធផលទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីតម្លៃ និងសារៈសំខាន់ នៃមូលនិធិមួយនេះ ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពធន់ ក្នុងសហគមន៍មេគង្គ។

បើតាមប្រភពដដែល, ចាប់តាំងពី ២០១៧ ដល់ ២០២៥ កម្ពុជាទទួលបានសរុប ១០៦គម្រោង ក្រោមមូលនិធិនេះ ស្មើនឹង ៣៧លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០២៦, កម្ពុជា ទទួលបាន ៧ គម្រោង បន្ថែមទៀត ដែលមានថវិកាជាង ១.៩៨លានដុល្លារ ផ្តោតលើវិស័យអាទិភាព, កាត់បន្ថយភាពក្រីក្រ, អភិវឌ្ឍន៍ជនបទ និងទឹកស្អាត, សុខាភិបាល, ឌីជីថលូបនីយកម្ម, ទេសចរណ៍, បច្ចេកវិទ្យា, បរិវត្តកម្មឌីជីថល និង គ្រប់គ្រងទិន្នន័យធនធានទឹក។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន សម្រាប់គាំទ្រយ៉ាងសកម្ម និងជាបន្តបន្ទាប់។ កម្ពុជានឹងបន្តប្តេជ្ញាអនុវត្តស្មារតីភាពជាដៃគូ ដោយផ្តោតលើភាពរឹងមាំភាពជាអ្នកដឹកនាំ ការរួមបញ្ចូលវិស័យអភិវឌ្ឍន៍ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជន នៅក្នុងអនុតំបន់ទន្លេមេគង្គ។

ឯកឧត្តមបន្តថា ស្របពេលដែលយើងចាប់ផ្តើម ទសវត្សរ៍មាសថ្មី វាពិតជាមានសារៈសំខាន់ ដែលយើងបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរួម ចំពោះការបើកចំហរ បរិយាប័ន្ន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, ការអភិវឌ្ឍបៃតង, នវានុវត្តន៍ និង សន្តិភាពយូរអង្វែង ក្រោមមូលបទ «រួមគ្នា កសាងប្រតិបត្តិការមេគង្គ ជំនាន់ ២.០»។

ឯកឧត្ដម​ វ៉ាង វិនពីន​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា​​ បានមានប្រសាសន៍ថា គម្រោងទាំងនេះសុទ្ធតែបង្ហាញយ៉ាងពេញលេញ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលយកចិត្តទុកដាក់ លើការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងប្រកាន់ខ្ជាប់ភាពជាអ្នកដឹកនាំល្អ និងចែករំលែក អនាគតរួមគ្នា ជំរុញការអភិវឌ្ឍ ដោយនវានុវត្តន៍ និងគំនិតផ្តួចផ្តើមថ្មីៗ។

ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ថា ចិនមានបំណងធ្វើការជាមួយកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដើម្បីជំរុញដំណើរការ កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ ដោយធានាថា គម្រោងទាំងនេះ នឹងចាក់ឫសគល់ និងរីកចម្រើន ទទួលបានផ្លែផ្កា ដែលផ្តល់ប្រយោជន៍យ៉ាងពិតប្រាកដ ដល់ប្រជាជន នៅតាមបណ្តោយទន្លេមេគង្គ។

ប្រភពរូបភាព៖ សារព័ត៌មានអាស៊ានថបញូស៍ (ASEAN Top News)

ឯកអគ្គរដ្ឋទូតចិនបន្ថែមថា ក្នុងរយៈពេល ១ ទសវត្សរ៍ ចុងក្រោយនេះ, ក្រោមការដឹកនាំរបស់ប្រធានរដ្ឋចិន លោក Xi Jinping និង មេដឹកនាំប្រទេសទាំង ៦ ,ភាគីទាំងអស់ បានអនុវត្តស្មារតី មេគង្គ-ឡានឆាង ប្រកបដោយប្រសិទ្ធភាពខ្ពស់, បើកចំហរ និង បរិយាបន្ន ព្រមទាំង កសាងជោគវាសនារួម ទាំងកម្រិត ទ្វេភាគី និង ពហុភាគី៕

编辑:XIUYIN

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...