សុខាភិបាលជាកម្លាំងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ មូលនិធិសប្បុរសធម៌ GX Foundationជួយជំរុញការសាងសង់គម្រោងសំខាន់ៗនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅកម្ពុជា— បទសម្ភាសន៍ពិសេសជាមួយ ឯកឧត្ដម LEUNG Chun-ying អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX Foundation។
«នេះជាដំណើរទស្សនកិច្ចលើកទីដប់ប្រាំរបស់ខ្ញុំមកកាន់ប្រទេសកម្ពុជា។ ក្នុងចំណោមដំណើរទស្សនកិច្ចទាំងនោះ មានដប់បួនលើកសម្រាប់ជំនួយសុខភាពសាធារណៈ ហើយមានតែមួយលើកប៉ុណ្ណោះសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ»។
នៅរសៀលថ្ងៃទី២ខែកក្កដា អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX Foundation បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់សារព័ត៌មានអាស៊ានថបញូស៍ (ASEAN Top News) នៅខេត្តតាកែវ ប្រទេសកម្ពុជា។ ក្នុងបទសម្ភាសន៍នេះ ឯកឧត្ដមបានបង្ហាញយ៉ាងលម្អិតអំពីលទ្ធផលនៃកម្មវិធីជំនួយផ្នែកសុខាភិបាលរបស់មូលនិធិនៅកម្ពុជា ពន្យល់អំពីគំរូកិច្ចសហប្រតិបត្តិការប្រកបដោយនវានុវត្តន៍ ដែលប្រើប្រាស់ សេវាសុខាភិបាល ជាការគាំទ្របំពេញបន្ថែមដល់ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបង្ហាញពីទិសដៅ និងផែនការការងាររបស់មូលនិធិសម្រាប់ដំណាក់កាលបន្ទាប់។

ឯកឧត្ដមប្រធានមូលនិធិ GX Foundation បានមានប្រសាសន៍ថា កម្មវិធីលុបបំបាត់ភាពពិការភ្នែកដោយសារជំងឺភ្នែកឡើងបាយ គឺជាគម្រោងសុខុមាលភាពសាធារណៈដ៏សំខាន់មួយរបស់មូលនិធិ GX Foundation ដែលបានចាក់ឫសយ៉ាងរឹងមាំនៅកម្ពុជា។ ក្នុងរយៈពេលជិត ៤ ឆ្នាំ កន្លងមកនេះ មូលនិធិបានសហការជាមួយក្រុមគ្រូពេទ្យមកពី តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន ដើម្បីបន្តផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅខេត្ត ព្រៃវែង និង កំពង់ស្ពឺ ប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះ គម្រោងមូលនិធិ GX Foundationបានអនុវត្តការវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជាង ៦,៦០០ ករណី ដោយជោគជ័យ ដែលបានលុបបំបាត់ស្ទើរតែទាំងស្រុងនូវករណីពិការភ្នែកដោយសារជំងឺភ្នែកឡើងបាយដែលមានស្រាប់នៅក្នុងខេត្តទាំងពីរ។ គម្រោងនេះបានជួយឱ្យប្រជាពលរដ្ឋក្នុងតំបន់រាប់ពាន់នាក់ ទទួលបានពន្លឺនៃការមើលឃើញឡើងវិញ អាចវិលត្រឡប់ទៅរស់នៅ និងប្រកបការងារប្រចាំថ្ងៃដូចធម្មតា។ ដោយសារសមិទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពនៃការងារជួយគាំទ្រនេះ មូលនិធិ GX Foundation ក៏ទទួលបានការទទួលស្គាល់ និងការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្ដមប្រធានមូលនិធិ GX Foundation បានឱ្យដឹងថា គោលបំណងសំខាន់មួយនៃដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាលើកនេះ គឺចុះពិនិត្យ និងវាយតម្លៃនៅតាមមូលដ្ឋាន ដើម្បីជ្រើសរើស និងកំណត់ខេត្តដៃគូទី៣ សម្រាប់អនុវត្តគម្រោងសហប្រតិបត្តិការ។
ឯកឧត្ដមបានបញ្ជាក់ថា គម្រោងវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃនៅតំបន់ថ្មី នឹងបន្តអនុវត្តដោយក្រុមគ្រូពេទ្យមកពី តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន។ មូលនិធិនឹងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ «មួយខេត្ត មួយដំណាក់កាល» ដោយពង្រីកវិសាលភាពជំនួយជាបន្តបន្ទាប់ និងមានសណ្តាប់ធ្នាប់។ គោលដៅរយៈពេលវែង គឺសហការជាមួយភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដើម្បីលុបបំបាត់ករណីពិការភ្នែកដោយសារជំងឺភ្នែកឡើងបាយដែលនៅសេសសល់ទូទាំងប្រទេស។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក លាង ជិនអ៊ីង ក៏បានផ្តោតសំខាន់លើការចុះពិនិត្យគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងយុទ្ធសាស្ត្រថ្នាក់ជាតិរបស់កម្ពុជា ព្រមទាំងវាយតម្លៃអំពីលទ្ធផលនៃការអនុវត្តកម្មវិធីជំនួយផ្នែកសុខាភិបាលសាធារណៈដែលគាំទ្រដល់គម្រោងនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលស្ថិតក្រោមសម្ព័ន្ធ China Communications Construction Company (CCCC) និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធស្នូលដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ គម្រោងនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់។

នៅទីស្នាក់ការគម្រោង ព្រែកជីកហ្វូណនតេជោ របស់ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ប្រចាំប្រទេសកម្ពុជា ឯកឧត្ដមប្រធានមូលនិធិ GX Foundation និងគណៈប្រតិភូ អមដំណើរដោយឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយគម្រោង។ ក្នុងកិច្ចពិភាក្សានេះ ប្រជាពលរដ្ឋមូលដ្ឋានបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ការ និងគ្រប់គ្រងមូស ក៏ដូចជាការទប់ស្កាត់ជំងឺឆ្លង ដូចជាជំងឺគ្រុនឈាមជាដើម។ ជាការឆ្លើយតប ក្រុមការងារបានរៀបចំសកម្មភាពផ្សព្វផ្សាយ និងអប់រំអំពីចំណេះដឹងសុខភាពសាធារណៈ ដែលមានខ្លឹមសារជាក់ស្តែង ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការរស់នៅប្រចាំថ្ងៃ ហើយទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន។

ឯកឧត្ដមប្រធានមូលនិធិ GX Foundation បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺឆ្លងដែលបង្កឡើងដោយមូស ដែលកំពុងកើតមានញឹកញាប់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ការងារបង្ការ និងគ្រប់គ្រងនៅកម្ពុជា មូលនិធិ GX Foundation បានបង្កើតនូវ «ដំណោះស្រាយបែបចិន» សម្រាប់ការបង្ការជំងឺដោយប្រើវិធីសាស្ត្ររូបវន្ត (Physical Prevention) ដែលមានលក្ខណៈច្នៃប្រឌិត និងខុសពីវិធីសាស្ត្របាញ់ថ្នាំគីមី ឬការគ្រប់គ្រងតាមជីវសាស្ត្រដែលធ្លាប់ប្រើជាប្រពៃណី។
ឯកឧត្ដមបានបញ្ជាក់ថា គម្រោងនេះបានបំពាក់ឧបករណ៍សំខាន់ៗចំនួន ៥ ប្រភេទ រួមមាន៖ មុងការពារមូស, ចង្កៀងចាប់មូស, ក្រដាសស្អិតចាប់សត្វរុយ, ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម និង សម្ភារផ្សព្វផ្សាយអប់រំសុខភាព។ វិធានការទាំងនេះបានរួមចំណែកបង្កើតប្រព័ន្ធបង្ការ និងគ្រប់គ្រងជំងឺនៅថ្នាក់មូលដ្ឋាន ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានជាក់ស្តែង និងគ្របដណ្តប់បានយ៉ាងទូលំទូលាយ។ ឯកឧត្ដមបានសង្ខេបអំពីគោលគំនិតស្នូលនៃគំរូបង្ការជំងឺតាមវិធីសាស្ត្ររូបវន្តនេះថា៖ នៅពេលគ្មានមូស និងគ្មានរុយ នោះក៏គ្មានការរីករាលដាលនៃជំងឺឆ្លងដែលបង្កដោយវាផងដែរ។ ដរាបណាការកាត់បន្ថយ និងគ្រប់គ្រងចំនួនមូស និងសត្វល្អិត អាចអនុវត្តបានលឿនជាងអត្រាបន្តពូជរបស់វា នោះបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនឹងអាចគ្រប់គ្រងហានិភ័យនៃជំងឺបានយ៉ាងមានប្រសិទ្ធភាព»។

ឯកឧត្ដមបានបញ្ជាក់ថា នេះគឺជាតក្កវិជ្ជាស្នូលនៃគំរូបង្ការជំងឺតាមវិធីសាស្ត្ររូបវន្ត ដែលមូលនិធិ GX Foundation កំពុងអនុវត្តនៅកម្ពុជា។ បច្ចុប្បន្ន ប្រព័ន្ធបង្ការ និងគ្រប់គ្រងជំងឺតាមវិធីសាស្ត្ររូបវន្ត ដែលមានភាពពេញលេញ និងមានប្រសិទ្ធភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តយ៉ាងទូលំទូលាយនៅតាមបណ្តោយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា។ ឯកឧត្ដមក៍បានបញ្ជាក់ថា ប្រព័ន្ធនេះបានគ្របដណ្តប់លើគម្រោងសំខាន់ៗនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិតេជោ និង គម្រោងព្រែកជីកហ្វូណនតេជោ ជាដើម។ ការអនុវត្តប្រព័ន្ធនេះបានរួមចំណែកការពារសុខភាពរបស់កម្មករ និងបុគ្គលិកសំណង់ចិន ព្រមទាំងប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមបណ្តោយគម្រោង ដោយបង្កើតជាខ្សែការពារសុខាភិបាលសាធារណៈដ៏រឹងមាំ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងប្រកបដោយភាពរលូន។
ឯកឧត្ដមប្រធានមូលនិធិ GX Foundation បន្តថា កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសាធារណៈ គឺជាការអនុវត្តជាក់ស្តែងដ៏សំខាន់មួយក្នុងការកសាង សហគមន៍សុខភាពរួមសម្រាប់មនុស្សជាតិ។ ឯកឧត្ដមបានបញ្ជាក់ថា ជំងឺឆ្លងមិនស្គាល់ព្រំដែននោះទេ។ ស្របពេលដែលការប្រែប្រួលអាកាសធាតុពិភពលោកកាន់តែធ្ងន់ធ្ងរ និងការធ្វើដំណើរឆ្លងដែនរបស់មនុស្ស ព្រមទាំងការដឹកជញ្ជូនទំនិញកាន់តែមានភាពញឹកញាប់ តំបន់រស់នៅ និងការបន្តពូជរបស់មូសក៏កំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យហានិភ័យនៃការរីករាលដាលជំងឺឆ្លងដែលបង្កដោយមូសឆ្លងកាត់ព្រំដែនកើនឡើងជាលំដាប់។

ឯកឧត្ដមបន្ថែមថា ការយកបទពិសោធន៍ជោគជ័យរបស់ប្រទេសចិនក្នុងការគ្រប់គ្រងសុខាភិបាលសាធារណៈ មកអនុវត្តស្របគ្នាជាមួយការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មិនត្រឹមតែជួយធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋពីឫសគល់ និងពង្រឹងមូលដ្ឋានសុខភាពសាធារណៈសម្រាប់សហគមន៍យ៉ាងចីរភាពផងដែរ។ ពាក់ព័ន្ធនឹងគំរូប្រតិបត្តិការសប្បុរសធម៌ដ៏ពិសេសរបស់ មូលនិធិ GX Foundation ឯកឧត្ដម LEUNG Chun-ying ដែលធ្លាប់កាន់តំណែងជា នាយកប្រតិបត្តិទី៤ នៃតំបន់រដ្ឋបាលពិសេសហុងកុង បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៨ មក មូលនិធិបានផ្តោតលើការផ្តល់ជំនួយផ្នែកសុខុមាលភាពប្រជាជននៅក្រៅប្រទេស ដោយយកអត្ថប្រយោជន៍ពីគុណសម្បត្តិពិសេសនៃគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ហុងកុង ជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារមនុស្សធម៌។ ឯកឧត្ដម LEUNG Chun-ying បានបញ្ជាក់ថា មូលនិធិ GX Foundation បានប្រើប្រាស់យ៉ាងពេញលេញនូវគុណសម្បត្តិពិសេសនៃគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដើម្បីអភិវឌ្ឍគំរូប្រតិបត្តិការសប្បុរសធម៌ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមក៍បានពន្យល់ថា មូលនិធិបានពឹងផ្អែកលើគុណសម្បត្តិនៃ «ប្រទេសមួយ» ដោយសហការជាមួយធនធានវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ពីតំបន់នានានៃប្រទេសចិន ដូចជា តំបន់ស្វយ័តក្វាងស៊ីជួង ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រនៅក្រៅប្រទេស។ រហូតមកដល់បច្ចុប្បន្ន មូលនិធិបានអនុវត្តការវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជាង ៣០,០០០ ករណី នៅក្នុងប្រទេសជាច្រើន ដោយប្រើប្រាស់សមត្ថភាពវេជ្ជសាស្ត្រប្រកបដោយវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន។ ម្យ៉ាងទៀត មូលនិធិក៏បានប្រើប្រាស់គុណសម្បត្តិពិសេសរបស់ ហុងកុង ដោយផ្អែកលើប្រព័ន្ធគ្រប់គ្រងអង្គការសប្បុរសធម៌ដែលមានប្រវត្តិយូរអង្វែងជាងមួយសតវត្សរ៍ វប្បធម៌នៃការបរិច្ចាគដែលមានការចូលរួមយ៉ាងទូលំទូលាយពីសង្គម និងអត្ថប្រយោជន៍ផ្នែកភាសាអន្តរជាតិ «អក្សរសរសេរ ២ និងភាសា ៣» ដើម្បីប្រមូលមូលនិធិពីគ្រប់មជ្ឈដ្ឋានសង្គម។ តាមរយៈយន្តការគ្រប់គ្រងដែលមានស្តង់ដារ និងតម្លាភាព មូលនិធិបានបង្កើតគំរូកិច្ចសហប្រតិបត្តិការដ៏ពិសេសមួយ គឺ «សុខាភិបាលគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ» ដែលឆ្លើយតបយ៉ាងជាក់លាក់នឹងតម្រូវការសុខុមាលភាពរបស់ប្រជាពលរដ្ឋក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។
ជាមួយគ្នានេះ ឯកឧត្ដម LEUNG Chun-ying ក៏បានបង្ហើបថា នាពេលអនាគត មូលនិធិ GX Foundation នឹងបន្តប្រើប្រាស់គុណសម្បត្តិពិសេសរបស់ហុងកុង ឱ្យបានពេញលេញ និងពង្រឹងកិច្ចសហការជាប្រចាំជាមួយក្រុមគ្រូពេទ្យមកពី តំបន់ស្វយ័តក្វាងស៊ីជួង និងតំបន់ផ្សេងៗរបស់ប្រទេសចិន។ មូលនិធិនឹងបន្តពង្រីកវិសាលភាពនៃកម្មវិធីវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃ និងកម្មវិធីបង្ការ និងគ្រប់គ្រងជំងឺឆ្លងដែលបង្កដោយមូស ដោយផ្តល់ការគាំទ្រផ្នែកសុខភាពសាធារណៈប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងជាក់ស្តែង។
ជាចុងក្រោយឯកឧត្ដមសង្កត់ធ្ងន់ថា ការងារទាំងនេះនឹងបន្តរួមចំណែកគាំទ្រដល់ការអនុវត្តគម្រោងសំខាន់ៗនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅកម្ពុជា និងបណ្តាប្រទេសអាស៊ាន ព្រមទាំងបង្ហាញពីតួនាទីរបស់កម្លាំងសប្បុរសធម៌ស៊ីវិល ក្នុងការអនុវត្តទស្សនវិស័យ «ពិគ្រោះរួម កសាងរួម និងចែករំលែកផលប្រយោជន៍រួម»។


东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》