0
0
收藏
分享

សន្និសីទស្តីពី ការអភិវឌ្ឍ និងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ «ការបើកចំហកាលានុវត្តភាពវិនិយោគ»

浏览量:23064
字号:
-
18
+

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី ការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ «ការបើកចំហកាលានុវត្តភាពវិនិយោគ» ដោយបានប្រព្រឹត្តទៅក្រោមកិច្ចសហការរៀបចំរវាង ក.អ.ក. ជាមួយក្រុមហ៊ុន Pengbo (Cambodia) Co., Ltd.។

មានវត្តមានអញ្ជើញចូលរួមអម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងសន្និសីទនាឱកាសនេះរួមមាន ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក., តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃ ក.អ.ក. ជាច្រើនរូប។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនដែលកំពុងប្រតិបត្តិការ និងមានបំណងស្វែងរកឱកាសពង្រីកខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណជាង ១០០ស្ថាប័ន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យឯកជនជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងតួនាទីជាអ្នកសម្របសម្រួល និងគាំទ្ររាល់សកម្មភាពវិនិយោគយ៉ាងសកម្មផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានរំលេចអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ក្នុងនាមជា «មិត្តដែកថែប និងជាកិច្ចសហប្រតិបត្តិការយូរអង្វែង» ដែលផ្តល់នូវបរិយាកាសអំណោយផល និងជំនឿចិត្តខ្ពស់ដល់វិនិយោគិនចិន។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងស៊ីជម្រៅនូវមូលហេតុសំខាន់ៗ ដែលវិនិយោគិនគួរជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ រួមមាន៖

១. សន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ រួមជាមួយលំនឹងម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាប

២. កម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវន្ត និងងាយស្រួលក្នុងការបណ្តុះបណ្តាល

៣. ច្បាប់ស្តីពីវិនិយោគមានភាពបើកចំហ អំណោយផលខ្ពស់ និងផ្តល់នូវកញ្ចប់លើកទឹកចិត្តសម្បូរបែបដល់វិនិយោគិន

៤. ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា ជាអាទិ៍ ការលើកកម្រិតគុណភាពផ្លូវជាតិ, ផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិថ្មីៗ, និងផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ ព្រមទាំងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវវិស័យភស្តុភារកម្មជាតិ

៥. កម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅចំកណ្តាលតំបន់ (មហាអនុតំបន់មេគង្គ, អាស៊ាន, អាស៊ាន+៥) និងមានការបើកចំហទីផ្សារទូទាំងសកលលោក និងការសម្រេចបាននូវការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) មុនគេជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាច្រើនទៀត។

ជាការឆ្លើយតប តំណាងវិនិយោគិនចិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតី និងចែករំលែកព័ត៌មានយុទ្ធសាស្ត្រសំខាន់ៗ។ តំណាងវិនិយោគិនក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលវិនិយោគនៅកម្ពុជា និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសន្និសីទនេះ អ្នកវិនិយោគទាំងអស់ទទួលបានព័ត៌មានពិតប្រាកដ ច្បាស់លាស់ និងស៊ីជម្រៅ ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការរៀបចំផែនការ និងការសម្រេចចិត្តវិនិយោគជាក់ស្តែងនាពេលខាងមុខ។

នៅក្នុងកម្មវិធនេះក៏មានការធ្វើបទបង្ហាញស្តីពី សក្តានុពលកសិកម្មរបស់កម្ពុជា ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបទបង្ហាញស្តីពីការដាំដុះ និងការកែច្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញ គំរូកិច្ចសន្យាកសិកម្ម ព្រមទាំងក្របខ័ណ្ឌនៃការបញ្ជាទិញនាពេលអនាគត និងបរិមាណរំពឹងទុក ដោយតំណាងសហគ្រាសចិន ផងដែរ។

សន្និសីទនេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន ដែលជាសញ្ញាណដ៏ល្អមួយក្នុងការទាក់ទាញរលកវិនិយោគថ្មីៗបន្ថែមទៀត ពិសេសក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃចំណីអាហារ ដែលជាវិស័យផ្តល់នូវតម្លៃបន្ថែមខ្ពស់ចំពោះប្រទេសកសិកម្មដូចជាកម្ពុជា និងបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕

编辑:XIU YIN

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...