នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ពិធីប្រគល់ទទួលប្រព័ន្ធកុំព្យូទ័រសមត្ថភាពខ្ពស់នេះ បានធ្វើឡើងក្រោមវត្តមានកិត្តិនីតិកោសល្យបណ្ឌិត នទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ប្រព័ន្ធកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដល់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបង្ហាញពីចំណងមិត្តភាពរវាងកម្ពុជា-ចិន និងក៏ស្របពេលដែលបទល្មើសពាក់ព័ន្ធ នឹងអំពើពុករលួយកាន់តែមានសភាពស្មុគស្មាញ ត្រូវពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង ដែលស្ថាប័នប្រឆាំងអំពើពុករលួយចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងឧបករណ៍ស៊ើបអង្កេតរបស់ខ្លួនជាប្រចាំ។

សម្ភារៈទាំងអស់នោះមានជាទិ៍៖ កុំព្យូទ័លើតុ ម៉ាស៊ីនផ្ទុកទិន្ន័យ និងគ្រឿងបរិក្ខារមួយចំនួនទៀត សម្រាប់ជួយ ACU គ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិក និងការជួយវិភាគទិន្នន័យ ដែលមានសមត្ថភាពជួយឱ្យមន្ត្រីជំនាញ ACU អាចរកឃើញ និងស៉ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានប្រសិទ្ធភាព ខណៈបរិបទឌីជីថលកាន់តែវិវឌ្ឍទៅមុខ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោតសរសើរចំពោះការគាំទ្រដ៏យូរអង្វែងរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា និងតួនាទីដ៏សំខាន់នៃ «គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ» ក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៃភាពជាដៃគូនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា និងបានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា ម្យ៉ាងវិញទៀត បង្ហាញពីរបៀបដែលប្រទេសទាំងពីរបន្តប្រែក្លាយចំណងទាក់ទងមិត្តភាពដ៏រឹងមាំទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់នូវផលប្រយោជន៍ពិតប្រាកដដល់ស្ថាប័ន និងប្រជាជនប្រទេសទាំងពីរ ហើយក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការជឿទុកចិត្តគ្នាទៅវិញទៅមក សាមគ្គីភាព និងការអភិវឌ្ឍរួម។
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជក់ថា គ្រឿងបរិក្ខារផ្នែករឹង (hardware) ឯកទេស និងសម្ភារសមត្ថភាពខ្ពស់ ដែលបានផ្តល់នាពេលនេះ ជាការចូលរួមចំណែកលើកកម្ពស់យ៉ាងសំខាន់ដល់សមត្ថភាពប្រតិបត្តិការរបស់ ACU ជាពិសេសលើផ្នែកកោសល្យវិច័យឌីជីថល ការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិក និងការវិភាគទិន្នន័យ។ សមត្ថភាពដែលត្រូវបានពង្រឹងទាំងនេះនឹងអនុញ្ញាតឱ្យ ACU អាចទប់ស្កាត់ រកឱ្យឃើញ និងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានប្រសិទ្ធភាព នៅក្នុងបរិបទឌីជីថលដែលកាន់តែមានការវិវឌ្ឍទៅមុខជានិច្ច។ តាមរយៈការកសាងសមត្ថភាពស្ថាប័ន និងការស៊ើបអង្កេតនេះ ACUក៏កំពុងតែពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធអភិបាលកិច្ចដែលមានតម្លាភាព ផ្អែកលើនីតិរដ្ឋ និងមានគណនេយ្យភាព ផងដែរ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានចាត់ទុកបរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ ស្អាតស្អំ និងមានតម្លាភាព នៅតែជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ACU នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញតម្លាភាពទីផ្សារ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់។ ជាពិសេសនឹងបន្តគាំទ្រដល់បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់សហគ្រាសចិន កំពុងប្រតិបត្តិការនៅកម្ពុជា ដែលនឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្តេជ្ញាចិត្តថា អ.ប.ព. ត្រៀមខ្លួនជាស្រេចក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយស្ថានទូតចិន និងស្វាគមន៍ចំពោះការបន្តកិច្ចសហការលើការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងការអភិវឌ្ឍស្ថាប័ន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

លោក វ៉ាង វិនពីន តំណាងរដ្ឋាភិបាលចិន បានអះអាងថា ការផ្តល់សម្ភារៈជូន ACU ពេលនេះ មានគោលដៅជួយដល់មន្ត្រីជំនាញ ACU ដើម្បីពង្រឹងជំនាញផ្នែកឌីជីថល ការថែរក្សាទិន្នន័យនានា ជួយដល់ផ្នែកស៉ើបអង្កេតប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយសំណុំរឿងពាក់ព័ន្ធអំពើពុករលួយ និងដំណើរការកម្មវិធីសុសវែល និងកម្មវិធីពាក់ព័ន្ធ។
ឯកអគ្គរដ្ឋទូតចិន បានបន្តថា តាមរយៈឧបករណ៍នេះនឹងលើកកម្ពស់ការងារ ACU ដើម្បីដោះស្រាយសំណុំរឿង និងពន្លឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ លោកជឿជាក់ថា ACU នឹងប្រើប្រាស់សម្ភារៈនេះឱ្យអស់ពីសមត្ថភាពឱ្យសមស្របនឹងតួនាទី ក្នុងបុព្វហេតុប្រឆាំងអំពើពុករលួយនៅកម្ពុជា៕


东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》